ច័ន្ទ-សុក្រ ០៧ ព្រឹក - ០៥ រសៀល, សៅរ៍-អាទិត្យ ០៧ ព្រឹក - ០៥ រសៀល

ព្រឹត្តិការណ៏ថ្មី

ព្រឹត្តិការណ៏បន្ថែម >>

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ចុះ MoU ជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់ផលិតភាពការងារ ការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជា​

2023-11-02

(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត តូច ប៉ូលីវ៉ា បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រឯ.ក. ដែលប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀងនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបណ្ឌិតបានបន្តថា វិស័យអប់រំជាវិស័យស្នូលដ៏មានសារៈសំខាន់ដែលមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដោយបានកំណត់អាទិភាព មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំប្រទេស អំពីភាពរីកចម្រើន ត្រូវពឹងផ្អែកលើធនធាន មនុស្ស និងបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ជាការពិតណាស់ក្រុមហ៊ុន រោងចក្រសហការ មុននឹងយល់ព្រមចុះអនុស្សរណៈយោកយល់ ជាមួយគ្នាពិតជាបានស្វែងយល់ និងឃើញអំពីសក្តានុពលលើការងារបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយជំនាញវិជ្ជាជីវៈ ប្រសិទ្ធភាពរបស់វិទ្យាស្ថាន។ លោកបណ្ឌិតបានបន្ថែមថា គោលបំណងរួមនៃការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ ដើម្បីទី១៖ បង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ ស្របតាមជំនាញនិងចំណេះដឹងរបស់ខ្លួន, ទី២៖ ផ្តល់ឱកាសឱ្យសិស្សនិស្សិតចុះទស្សនកិច្ចសិក្សា, ទី៣៖ ពង្រឹងសមត្ថភាពគ្រូរបស់វិទ្យាស្ថានតាមរយៈការចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Retumed to Industry Scheme (RIS), ទី ៤៖ បណ្តុះបណ្តាលបុគ្គលិក អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន តាមរយៈការពង្រឹងជំនាញបន្ថែម Work based Leaming (WBL) និងការបណ្តុះ បណ្តាលជំនាញថ្មី (Reskilling), ទី៥៖ ផ្តល់អាហារូបករណ៍ សិក្សារបស់និស្សិត (វិភាគទានរបស់ក្រុមហ៊ុន), ទី៦៖ ពង្រឹង និងកែលម្អកម្មវិធីសិក្សា និងទី៧៖ បង្កើនកិច្ច សហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏សូមស្នើដល់ភាគីទាំងពីរត្រូវស្វែងរកប្រយោជន៍រួមគ្នា និងសម្រេចឯកភាពគ្នា ក្នុងពេលចុះអនុស្សរណៈយោគយល់គ្នា និង បន្តសហការគ្នាធ្វើការជាមួយគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពល្អ ដើម្បីលើកកម្ពស់ភាព ជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសគឺបង្កើនលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមតម្រូវការងារ ក្នុងខេត្តស្វាយរៀងបន្ថែមទៀត ។ បើតាមលោកមុត ចិន្តា នាយកវិទ្យាស្ថានភូមិភាគតេជោសែន ស្វាយរៀង បានថ្លែងថា វិទ្យាស្ថានបានបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។ លោកនាយកបានបញ្ជាក់ថា បច្ចុប្បន្ន សិស្ស និស្សិត កំពុងសិក្សាសរុបចំនួន ១៣២៨នាក់ ស្រីចំនួន៣៨៥នាក់។ ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងធ្វើការជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។ លោកបានបន្ថែមថា ភាគីយើងទាំងពីរនឹងបន្តសហការ ដើម្បីបំពេញនូវតម្រូវការគ្នាទៅវិញទៅមក ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាន ក្នុងរយៈពេល៥ឆ្នាំ និយាយដោយឡែកនៅខេត្តស្វាយរៀង វិទ្យាស្ថាននឹងត្រូវបណ្តុះបណ្តាលដល់គ្រួសារមានបណ្ណសមធម៌កម្រិត១ និងកម្រិត២ និងជនរងហានិភ័យ ប្រមាណ ៣៤,០០០នាក់។ លោកបានបន្ថែមថា វិទ្យាស្ថាន និង ហ្សាវហួយ ហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សាវហួយ ហ្វីល ធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់ផងដែរ៕


សហប្រតិបត្តិការ

ស្នើសុំថ្នាក់រៀនដោយមិនគិតសេវាកម្មអ្វីទាំងអស់

  • +855 88 953 2333

ស្នើសុំឥឡូវនេះ

រក្សា​រ​សិទ្ធ​គ្រប់យ៉ាង © ២០២៣ RPITSSR